តុលាការអនុញ្ញាតឱ្យលោក កឹម សុខា ចេញក្រៅផ្ទះទៅគោរពវិញ្ញាណក្ខន្ធទ័ពពលី

តុលាការ​បាន​អនុញ្ញាត​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បាន​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព ដែល​បាន​ស្លាប់​ក្នុង​សមរភូមិ​ព្រោះ​ការ​ប្រយុទ្ធ​ការពារ​ទឹក​ដី​ពី​ឈ្លានពាន​របស់​កងទ័ព​ថៃ។ មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​បញ្ជាក់​ថា ការ​អនុញ្ញាត​ពី​តុលាការ​នេះ ដោយសារ​មាន​ការ​ស្នើសុំ​ពី​លោក កឹម សុខា។

សហមេធាវី​របស់​លោក កឹម សុខា គឺលោក ផែង ហេង បាន​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី៣១ ខែកក្កដា​ថា លោក កឹម សុខា មិន​ទាន់​មាន​សិទ្ធិ​ដើរហើរ​ឡើយ ពីព្រោះ​តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក ចេញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​ដែល​បាន​ស្លាប់​ដោយសារ​ការពារ​ទឹក​ដី​ប៉ុណ្ណោះ ហើយ​ក៏​ត្រូវ​មាន​ព្រះរាជអាជ្ញា​និង​មន្ត្រី​នគរបាល​ទៅ​ជាមួយ​ដែរ។

លោក ផែង ហេង ដែល​បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​ពលី​ជាមួយ​លោក កឹម សុខា បាន​បន្ត​ទៀត​ថា លោក កឹម សុខា បាន​ស្នើសុំ​តុលាការ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ទី៣១ ខែកក្កដា និង​បាន​បន្ត​ស្នើសុំ​ចេញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​ក្នុង​ខេត្ត​ចំនួន​ពីរ​ទៀត គឺ​ខេត្តតាកែវ និង​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី០១ ខែ​សីហា។

ខ្ញុំ​គិត​ថា ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​តុលាការ​អនុញ្ញាត​ឱ្យ​គាត់ (លោក កឹម សុខា) ចេញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​វីរៈ​កងទ័ព​យើង។ ហើយ​ខ្ញុំ​គិត​ថា អ្នក​នយោបាយ​ក៏​បាន​គិត​ដល់​ចំណុច​សាមគ្គីភាព និង​បង្ហាញ​ពី​ការ​រួបរួម​ជាតិ ឱ្យ​មាន​សំឡេង​តែ​មួយ ក្នុង​ការ​បង្ហាញ​ទៅ​ភាគី​បរទេស ជាពិសេស​ថៃ​ថា ខ្មែរ​យើង​ចេះ​រួបរួម​គ្នា​ក្នុង​កាលៈទេសៈ​មាន​បរទេស​ឈ្លានពាន។

—  លោក ផែង ហេង

លោក កឹម សុខា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈពេល ២៧ឆ្នាំ កាល​ពី​ថ្ងៃ​ទី៣ មីនា ឆ្នាំ២០២៣ ពី​ទោស​ក្បត់ជាតិ ប៉ុន្តែ​សហគមន៍​ជាតិ​និង​អន្តរជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​មើលឃើញ​ថា ជា​រឿង​នយោបាយ។

ក្រោយ​ពី​បាន​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​យោធា​ពលី គឺ​លោក​វរសេនីយ៍ត្រី សៀង សាត នៅ​ខេត្ត​កំពង់ចាម លោក កឹម សុខា បាន​កោត​សរសើរ​ដល់​ភាព​អង់អាច​ក្លាហាន​របស់​កងទ័ព​កម្ពុជា ដែល​បាន​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​ថៃ​មិន​ឱ្យ​ចូល​ឈ្លានពាន។

ខ្មែរ​យើង​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ឈ្លានពាន​ច្រើន​ដង​ហើយ មិន​គួរ​ណា​មក​ដល់​ពេល​ហ្នឹង​ហើយ ថៃ​នៅ​មក​ឈ្លានពាន​យើង​ទៀត វា​ហួសហេតុ។ អ៊ីចឹង​ហើយ សុំ​អំពាវនាវ​ឱ្យ​ខ្មែរ ត្រូវ​រួម​សាមគ្គី​គ្នា ដើម្បី​ភាព​រឹងមាំ​ប្រទេស​យើង ការពារ​ទឹក​ដី​សម្រាប់​កូន​ចៅ​យើង​បន្ត​ទៀត​។

—  លោក កឹម សុខា

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​អះអាង​ថា កងទ័ព​កម្ពុជា​បាន​តស៊ូ​ប្រយុទ្ធ​ជាមួយ​ទាហាន​ថៃ​ដើម្បី​បន្ត​ឈរ​ជើង​យ៉ាង​រឹងមាំ​នៅ​តាម​តំបន់​សំខាន់ៗ រួមមាន​ប្រាសាទ​តាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និង​តំបន់​មុំបី​ជាដើម ខណៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​គោល​នយោបាយ​សម្រាប់​គាំទ្រ​យោធា​ពិការ និង​ក្រុម​គ្រួសារ​យោធា​ស្លាប់​ឱ្យ​បាន​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។