អង្គការលើកលែងទោសអន្តរជាតិបានចេញផ្សាយរបាយការណ៍ជាង២០០ទំព័រនៅថ្ងៃទី២៦ ខែមិថុនា ស្ដីពីការរំលោភសិទ្ធិមនុស្សដោយសារការធ្វើទារុណកម្ម ការជួញដូរមនុស្ស និងអំពើទាសភាពក្នុងទីតាំងឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអង្គការនេះ បានបើកការស្រាវជ្រាវអស់រយៈពេល១៨ខែ រកឃើញទីតាំងឆបោកចំនួន៥៣កន្លែង និងបានសម្ភាសន៍ជនរងគ្រោះជាង ៤០០ (៤២៣) នាក់។
របាយការណ៍បានបន្តថា មានពលករបរទេសរាប់ពាន់នាក់ មកពីបណ្ដាប្រទេសអាស៊ី ដូចជាវៀតណាម ភូមា ចិន និងមកពីកោះតៃវ៉ាន់ ក្នុងនោះមានទាំងកុមារ ដែលខ្លះត្រូវបានគេជួញដូរ បញ្ជូនទៅនៅក្នុងទីតាំងដូចនៅក្នុងគុក ដើម្បីបង្ខំឱ្យបម្រើការឆបោកតាមអនឡាញ និងលេងល្បែងតាមអនឡាញ និងរងការធ្វើបាបពីក្រុមសង្គមងងឹតជនជាតិចិន។ ជនរងគ្រោះបានរៀបរាប់ប្រាប់អង្គការលើកលែងទោសអន្តរជាតិថា ពួកគេត្រូវបានគេឃុំឃាំងដោយមានវិធានការសន្ដិសុខយ៉ាងតឹងរ៉ឹង រួមទាំងការហ៊ុមព័ទ្ធរបងដោយបន្លាលួស បង្កប់អគ្គិសនីឆក់ និងក្រុមកងសន្ដិសុខប្រដាប់ដោយអាវុធ។
អង្គការលើកលែងទោសអន្តរជាតិបានរកឃើញទៀតថា ទីតាំងមួយចំនួនប្រើបន្ទប់ងងឹតដើម្បីដាក់ទោសនិងធ្វើទារុណកម្មលើបុគ្គលិក ដែលមិនអាចរកប្រាក់កម្រៃតាមការកំណត់ ឬបុគ្គលិកដែលព្យាយាមទាក់ទងទៅសមត្ថកិច្ចឱ្យជួយសង្គ្រោះ។ ចំណែកទីតាំងឆបោកប្រហែល១៩កន្លែង បានប្រើប្រាស់ខ្សែភ្លើងឆក់ និងដំបងឆក់លើមនុស្សពេញវ័យ និងកុមារ។
ការរកឃើញបានបញ្ជាក់ទៀតថា មានការគប់គិតគ្នារវាងថៅកែជនជាតិចិនដែលបានរំលោភសិទ្ធិមនុស្សនៅតាមទីតាំងឆបោកតាមអនឡាញ ហើយការបរាជ័យបង្ក្រាបទីតាំងឆបោកទាំងនោះរបស់កម្ពុជា បានធ្វើឱ្យក្រុមឧក្រិដ្ឋជនពង្រីកសកម្មភាពឆបោកជាលក្ខណៈអន្តរជាតិកាន់តែធំ ដែលប៉ះពាល់ដល់ជនរងគ្រោះរាប់លាននាក់ត្រូវខាតបង់ប្រាក់។
ជុំវិញការរកឃើញនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក បាន ប៉ែន បូណា បានទេនៅថ្ងៃទី២៦។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែមិថុនាថា របាយការណ៍ថ្មីបន្ថែមនេះ អាចជួយទៅដល់រដ្ឋាភិបាលកម្ពុជា លុបបំបាត់ក្រុមឧក្រិដ្ឋជនដែលបើកទីតាំងឆបោកនៅកម្ពុជា ដើម្បីការពារមុខមាត់កម្ពុជាឡើងវិញនៅលើឆាកអន្តរជាតិ។
គឺថាដើម្បីស្រោចស្រង់មុខមាត់ប្រទេសកម្ពុជាយើង ដើម្បីឱ្យមានជំនឿទុកចិត្តពីបណ្ដាសហគមន៍ជាតិនិងអន្តរជាតិ។ ខ្ញុំគិតថា រដ្ឋាភិបាលគួរយករបាយការណ៍នេះ ដែលបានរកឃើញ មកធ្វើការត្រួតពិនិត្យម៉ត់ចត់បន្ថែមទៀត ដើម្បីមានវិធានការក្នុងការដោះស្រាយបញ្ហាហ្នឹង។
— លោក នី សុខា
កម្ពុជា និងប្រទេសជិតខាង ដូចជាប្រទេសថៃ ឡាវ និងប្រទេសភូមា ត្រូវបានរកឃើញថា កំពុងរីកសាយភាយដោយឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ កាលពីខែឧសភា របាយការណ៍សិក្សាស្រាវជ្រាវពីក្រុមហ៊ុនអង់គ្លេសឈ្មោះ Humanity Research Consultancy បានលើកឡើងថា កម្ពុជាអាចមានអ្នកបម្រើការនៅក្នុងឧស្សាហកម្មឆបោកតាមអនឡាញប្រហែល១៥ម៉ឺននាក់ និងក្នុងមួយឆ្នាំៗ អាចរកចំណូលបានប្រមាណ ១២,៥ ទៅ ១៩ពាន់លានដុល្លារ ដែលស្មើនឹង៦០% នៃផលិតផលសរុបក្នុងស្រុក (GDP)។
ទោះជាយ៉ាងណា របាយការណ៍ទាំងនេះ ត្រូវបានច្រាលចោលពីមន្ត្រីរដ្ឋាភិបាលកម្ពុជា។
របាយការណ៍ពីអង្គការលើកលែងទោសអន្តរជាតិបានលើកឡើងថា ទីតាំងចំនួន៥៣ ដែលត្រូវអះអាងថា ជាកន្លែងឆបោកតាមអនឡាញ ស្ថិតនៅក្នុងខេត្តក្រុងចំនួន១៦ ក្នុងនោះរួមមានទីក្រុងភ្នំពេញ និងបណ្ដាខេត្តតាមព្រំដែន ដូចជាតាកែវ កំពត ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ខេត្តព្រះសីហនុ និងនៅទីក្រុងបាវិតខេត្តស្វាយរៀងជាដើម។
អង្គការនេះបានបញ្ជាក់ទៀតថា ក្នុងចំណោម៥៣ទីតាំងនោះ មាន១៨ទីតាំង មិនដែលត្រូវបានបើកការស៊ើបអង្កេតពីរដ្ឋាភិបាលឡើយ ហើយមានតែ២ទីតាំងប៉ុណ្ណោះ ត្រូវបានបិទទ្វារបន្ទាប់ពីមានការចុះបង្ក្រាបពីអាជ្ញាធររដ្ឋ។ ក្នុងនោះ អង្គការអន្តរជាតិនេះ ក៏បានរកឃើញទីតាំងសង្ស័យថា ជាកន្លែងឆបោកចំនួន៤៥កន្លែងផ្សេងទៀត និងបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតលើទីតាំងទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។