កម្ពុជានឹងបន្តចរចាឱ្យពន្ធ១៩%ចុះបន្ថែមទៀតលើទំនិញអត្ថិភាពនាំចេញទៅសហរដ្ឋអាមេរិក

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​អះអាង​ថា រដ្ឋាភិបាល​នឹង​បន្ត​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​សុំ​ឱ្យ​អត្រាពន្ធ ១៩% ចុះ​បន្ថែម​ទៀត លើ​មុខ​ទំនិញ​អត្ថិភាព។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​បញ្ចុះ​ពន្ធ​លើ​ទំនិញ​កម្ពុជា ថៃ និង​ម៉ាឡេស៊ី ត្រឹម​១៩% តាម​លក្ខខណ្ឌ​ដែល​កម្ពុជា​និង​ថៃ​បាន​យល់ព្រម​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​លទ្ធផល​នៃ​អត្រា​ពន្ធ​គយ​បដិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី០១ ខែសីហា លោក​ឧប​នាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើង​ថា ក្រុម​ការងារ​របស់​លោក នឹង​បន្ត​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ឱ្យ​អត្រាពន្ធ​១៩% ចុះ​បន្ថែម​ទៀត លើ​មុន​ទំនិញ​វិស័យ​កាត់ដេរ សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ដែល​ជា​វិស័យ​អត្ថិភាព​មាន​កម្លាំង​ពលកម្ម​ជិត​១លាន​នាក់។

លោក​បាន​បន្ត​ថា ក្ដី​សង្ឃឹម​នៃ​ការ​ចរចា​សុំ​បញ្ចុះ​ពន្ធ​បន្ថែម​នេះ ដោយសារ​ទំនិញ​ទាំង​នោះ មិន​មាន​ផលិត​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​អាមេរិក។

ដូច្នុះ យើង​ខ្ញុំ​នឹង​ខិតខំ​បន្ត​ចរចា ធ្វើ​យ៉ាងណា​ឱ្យ​បាន​ទាប​ជាង១៩% ទៅ​លើ​ទំនិញ​មួយ​ចំនួន ជា​ទំនិញ​អត្ថិភាព​របស់​កម្ពុជា​យើង ដែល​បង្កើត​មាន​ការងារ​ជិត ១លាននាក់ ជូន​បងប្អូន​យើង​ធ្វើ ជាពិសេស​គឺ​ស្ដ្រី ហើយ​ម្នាក់ៗ គាត់​ជួយ​ទៅ​គ្រួសារ​គាត់ ៤ ទៅ​៥នាក់ ជា​វិស័យ​ដ៏​សំខាន់​របស់​កម្ពុជា​យើង​។

—  លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល បាន​បន្ថែម​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចុង​ក្រោយ​នេះ កម្ពុជា​បាន​សម្រេច​គិត​អត្រា​ពន្ធ០% លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋ​អាមេរិក រួម​ទាំង​ការ​សន្យា​ទិញ​យន្តហោះ​ដឹក​អ្នក​ដំណើរ ប្រភេទ ប៊ូអ៊ីង ៧៣៧ ( Boeing 737MAX 8) ចំនួន​២០​គ្រឿង។

កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​ជាង១៦០០កន្លែង និង​មាន​កម្មករ ប្រមាណ​៩៧​ម៉ឺន​នាក់ ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ប្រមាណ ៣១០០លាន​ដុល្លារ។ នេះ​បើ​តាម​តួលេខ​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ កាល​ពី​ឆ្នាំ២០២៤ ការ​នាំចេញ​ពី​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​របស់​កម្ពុជា មាន​តម្លៃ​ជាង​១៣ពាន់លាន​ដុល្លារ ហើយ​សហរដ្ឋ​អាមេរិក ជា​ទីផ្សារ​ធំ​បំផុត។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​លើកឡើង​ថា សហរដ្ឋអាមេរិក​បាន​ទម្លាក់​ពន្ធ​ពី​៣៦​មក​នៅ​ត្រឹម១៩% នៅ​តែ​ជា​អាត្រា​មួយ​ដែល​កម្ពុជា​ប្រឈម​ការ​ប្រកួតប្រជែង​ខ្ពស់​នៅ​ក្នុង​តំបន់ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល ត្រូវ​មាន​ដំដោះស្រាយ​មួយ​ចំនួន ដូចជា​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​កម្មករ កាត់បន្ថយ​អំពើ​ពុករលួយ និង​ពិចារណា​លើ​ការ​ផលិត​តម្លៃ​វត្ថុ​ធាតុ​ដើម​ដោយ​ខ្លួន​ជាដើម។

ខ្ញុំ​យល់​ថា វា (អត្រាពន្ធ១៩) ជា​ការ​វិវឌ្ឍ​វិជ្ជមាន​មួយ ហើយ​វា​ក៏​ជា​ដំណឹង​ល្អ សម្រាប់​កម្មករ​នយោជិត និង​ពាក់ព័ទ្ធ​នៅ​ក្នុង​វិស័យ​ការងារ​។

—  លោក ឃុន ថារ៉ូ

ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​អរគុណ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​បាន​បញ្ចុះ​ពន្ធ​ពី៤៩% មក​នៅ​ត្រឹម១៩% ដែល​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សេដ្ឋកិច្ច​របស់​កម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ជាតិ​ត​ទៅ​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។